Thursday, September 25, 2014

ព្រះសីហនុ ៖ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៤ រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២២ ២៣ និងទី​២៤ ខែ​កញ្ញាឆ្នាំ​នេះ ភ្ញៀវ​​ទេសចរ​មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៦៧.៦៨៥​នាក់​។ បើ​ប្រៀបធៀប​រយៈ ពេល​បី​ថ្ងៃ​ដូចគ្នា​នឹង​ឆ្នាំ​២០១៣ មានការ​កើនឡើង ៧៦% ។ ចំណែក​ភ្ញៀវទេសចរ​បរទេស ដែល​មកលេង​កំសាន្ត​​ច្រើន​ជាងគេ​មាន​វៀតណាម និង​ចិន​។ លោកប្រធាន​មន្ទីរ​ទេសចរ​ បានបញ្ជាក់​ឲ្យ​ដឹងថា ការ​កើន​​ឡើង​នេះ​ដោយសារ​មុន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ មន្ទីរ​បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ជូន​បងប្អូន​ដែលជា​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ ជាពិសេស​អ្នកលក់ដូរ​នៅតាម​ឆ្នេរសមុទ្រ​ទាំងអស់​ទទួល​​ខុសត្រូវ​ពង្រឹងគុណភាព​ សេវាកម្ម ការពង្រឹង​ការទទួល​បដិសណ្ឋារកិច្ច​ល្អ ប្រកបដោយ​ភាព​រួស​​រាយ​រាក់ទាក់​។ ចំពោះ​អនាម័យ បរិស្ថាន​ជា​ចំណុច​គោលដៅ​ធ្វើ​ឲ្យ​បានល្អ​នៅតាម​មូលដ្ឋាន​អាជីវកម្ម​​ របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​បំផុត​រក្សា​តម្លៃ​ម្ហូបអាហារ តម្លៃ​បន្ទប់​ស្នាក់នៅ ក្នុងតម្លៃ​សមរម្យ​ ក្នុងឱកាស​ចូលរួម​អបអរសាទរ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ សំដៅ​ផ្តល់នូវ​ជំនឿ​ជឿ​ជាក់​​​​​និង​ភាពកក់ក្តៅ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​កាន់​​​តែច្រើន ។ លោក ​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា នៅតាម​រមណីយដ្ឋាន​ក្បាលឆាយ ត្រពាំងរូង និង​​តំបន់​ឆ្នេរសមុទ្រ​មាន​ភ្ញៀវទេសចរ​មកលេង​កំសាន្ត​ច្រើន។ ចំណែក​​​ឯ​ភ្ញៀវទេសចរ​ទៅ​កំសាន្ត​នៅ​តាម​បណ្តា​កោះ ​បច្ចុប្បន្ន​ក្រុមហ៊ុនដឹកភ្ញៀវ ទេសចរណ៍ បាន​បំពាក់​នូវ​ទូកល្បើឿន​លឿន​ដែល​ធ្វើ​​​ដំណើរតែ​រយៈពេល​៤៥​នាទី​ទៅដល់​គោលដៅ ហើយ​អាច​ឲ្យ​ពួកគាត់ ត្រឡប់មកវិញ​ដោយ​ងាយ​ស្រួល​មិនចាំបាច់​ស្នាក់នៅ​ទីនោះ​ទេ​។ កាលពី​ពេលមុន​យើង​ទៅលេង​កោះរុង ត្រូវ​ចំណាយ​ពេល​​ពី​​ ២​ម៉ោង​៣០​នាទី ទៅ​៣​ម៉ោង​ទើប​ដល់ ម្យ៉ាងទៀត​នៅ​តំបន់​កោះរុង​មាន​អាកាសធាតុ បរិស្ថាន​​ល្អ និង​ឆ្នេរសមុទ្រ​ស​ស្អាត​មិន​ចាញ់​ឆ្នេរ​អូ​ឈើទាល​នោះឡើយ ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ក្នុងស្រុក​ចាប់អារម្មណ៍​ទៅលេង​កំសាន្ត​នៅតាម​ បណ្តា​កោះ​ក្នុង​ទឹកដី​សង្កាត់​កោះរុង និង​កោះ​មួយ​ចំនួន​ទៀត​​ក្នុង​​ខេត្ត​ព្រះសីហនុ ។​​ ​គួរ​រំលឹកថា​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​២០១៣ ខេត្ត​ព្រះសីហនុ​ទទួល​បាន​​ភ្ញៀវ​ទេសចរ​ជាតិ​  និង​អន្តរជាតិ​ចំនួន ៣៨.៤៥៤​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣៦.០៧៥​នាក់​ និង​អន្តរជាតិ​មាន​ចំនួន​២.៣៧៩ នាក់​ដោយសារ​ខេត្ត​ព្រះសីហនុ​ជា​គោលដៅ​ទេសចរណ៍​បៃ​តង​  និង​ធម្មជាតិ ព្រមទាំង​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ការប្រកួតប្រជែង​លំដាប់​​​​អន្តរជាតិ​នៅក្នុង​តំបន់៕









0 comments:

Post a Comment