Saturday, August 30, 2014


ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៤ បាន​​​​​​​ប្រារព្ឋ​បើក​​សន្និបាត​​បូកសរុបលទ្ឋផលការងារ ប្រចាំឆមាសទី ១ ឆ្នាំ ២០១៤ និង លើកទិសដៅការងារអនុវត្តបន្ត ។ លោក​ឧត្តមសេនីយ៏ត្រី សៀង កុសល ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ មាន​ប្រសាសន៏​បើក​កិច្ច​ប្រជុំ​ និង ធ្វើរបាយការណ៏ដោយលើកឡើង អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង របស់មន្ត្រីនគរបាល គ្រប់​លំដាប់​ថ្នាក់​ ដោយសហការជាមួយស្ថាប័នអង្គភាពរួម និង ប្រជាពលរដ្ឋ ក្នុង​ការ​បំពេញ​ភារ​កិច្ច​ជូន​ប្រទេស​ជាតិ​កន្លងមក ។ ហើយ​តាម​រយៈ​របាយ​ការណ៏​ការងារ​ លោកស្នងការនគរបាលខេត្ត បានបង្ហាញថា ក្នុង​ឆមាសទី ១ ឆ្នាំ ២០១៤ បទ​ល្មើស​ព្រហ្មទណ្ឌ​កើតមានឡើងចំនួន ៤៥ករណី លើ ៥៧ករណី ពាក់​ព័ន្ឋ​ជនបរទេស ១២ករណី ប្រៀប​ធៀប​ឆមាសទី ១ ឆ្នាំ ២០១៣ ថយចុះចំនួន ១២ករណី បទ​ឧក្រិដ្ឋ​មាន​ ៨ករណី លើ ៥ករណី បទមជ្ឈឹមាន ៣៧ករណី លើ ៥២ករណី ពាក់ព័ន្ឋជនបរទេស ១២ករណី ។ បទ​ល្មើសគ្រឿងញៀន បង្ក្រាបបានចំនួន ១៤ករណី ឃាត់ខ្លួន ២៤មុខសញ្ញា ករណី​ប្រើប្រាស់់​គ្រឿង​ញៀន​​ខុស​ច្បាប់ ៤​ករណី​ ឃាត់ខ្លួន ១៤មុខសញ្ញា ករណីគ្រោះថ្នាក់ចរាចរផ្លូវគោក កើត​មាន​ចំនួន​ ១០៨​​លើក លើ ១១៣លើក ប្រៀបធៀបនឹងឆមាសទី ១ ឆ្នាំ ២០១៣ ថយចុះ ៥លើក បង្ករ​ដោយ​រថយន្ត​ និង រថយន្ត ១៣លើក រថយន្ត និង ម៉ូតូ ៥២លើក រថយន្ត និង សត្វ ១លើក រថយន្ត​បង្ករ​ដោយ​ខ្លួនឯង​ ២​លើក រថយន្ត និង អ្នកថ្មើរជើង ៥លើក ម៉ូតូ និង ម៉ូតូ ២២លើក ម៉ូតូ និងកង់ ១លើក ការ​គ្រោះថ្នាក់​នេះ​បាន​បាត់បង់ជីវិតមនុស្សចំនួន ៤៨នាក់ លើ ៥៥នាក់ រងរបួស ២០៨នាក់ លើ ២០៦នាក់ ខូច​ខាត​រថយន្ត​ ៧៩គ្រឿង ម៉ូតូ ១០៦គ្រឿង និង កង់ ១គ្រឿង ។ ឯកឧត្តម សំ សំអាត អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីនេះ មានប្រសាសន៏សំណេះសំណាល ដោយ​ថ្លែង​ថា​ ការកោតសរសើរចំពោះមន្ត្រីនគរបាលជាតិគ្រប់រូប រួម និង ប្រជាពលរដ្ឋទាំងអស់ តាម​រយៈ​ការ​ខិត​ខំ​បំពេញភារកិច្ចនេះ ឯកឧត្តម អភិបាលរងខេត្ត អោយមន្ត្រីនគរបាល ខិតខំ​យក​ចិត្ត​ទុកដាក់​អនុវត្ត​ចាត់​វិធានការណ៏ ទប់ស្កាត់បង្ក្រាបសកម្មភាព បទល្មើសជួញដូរមនុស្ស ជួញដូរផ្លូវភេទ ទប់ស្កាត់​សកម្មភាព​ចរាចរគ្រឿងញៀន ៕






0 comments:

Post a Comment