Sunday, August 24, 2014

រសៀល​ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៤ ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តព្រះសីហនុ ដឹក​​នាំ​ដោយលោកជំទាវ មីន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការណ៏ និង ដឹកជញ្ជូន និង ជា​​ប្រធាន​​ក្រុមការងារថ្នាក់ជាតិ ចុះគាំទ្រមូលដ្ឋាន ក្រុងព្រះសីហនុ បានរៀបចំវេទិកាសាធារណៈ ក្រោម​​​ប្រធានបទ “រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីលុបបំបាត់បទល្មើស” ។ វេទិកាសាធារណៈប្រព្រឹត្តិទៅនៅសាលាសង្កាត់លេខ ៣ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ ។ មានប្រសាសន៏បើកអង្គវេទិកា លោកជំទាវ មីន មាណវី បានគូសបញ្ជាក់ថា អនុវត្តន៏តាម​កម្មវិធី ​នយោបាយ​ និង យុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា សំរាប់​នីតិ​កាល​ទី​ ៥ នៃរដ្ឋសភាស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​បង្កើន​​ក្រុម​ការងារ​ថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និង គាំទ្រ​ការ​អនុវត្ត​កម្ម​វិធី​នយោបាយ​កំណែ​ទំរង់ស៊ីជំរៅ ស្របតាមចតុកោណ​ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ការ​រៀបចំ​វេទិការ​សាធារណៈ នាពេល​នេះ គឺជាការផ្តល់ឱកាសអោយប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​នីមួយៗ​ ចូល​រួម​​បញ្ចេញ​មតិ​យោបល់​ដែលទាក់ទងទៅនឹងតម្រូវការចាំបាច់ ក៏​ដូចជា​សំណូម​ពរ​ផ្សេងៗ​រវាងអាជ្ញាធរ និង ប្រជាពលរដ្ឋ ទៅ​តាម​ស្ថានភាពនៃបញ្ហាដែលកើតមានឡើង ក្នុងមូលដ្ឋាន ដើម្បី​ចូលរួម​​ដោះ​ស្រាយ​ទាំងអស់គ្នា ឆ្លើយតបទៅតាមសំណូមពររបស់​ប្រជាពលរដ្ឋ ។ ជាពិសេស ការកាត់បន្ថយ​នូវអសន្តិសុខ​ក្នុងសង្គម ធានាភូមិឃុំ មាន​សុវត្ថិភាព​ស្រប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ បន្ទាប់ពីលោកជំទាវ មីន មាណវី មានប្រសាសសំណេះសំណាលរួច ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់លេខ ៣ ក៏បានធ្វើការសំណូមពរដល់អាជ្ញាធរមូលដ្ឋាន រួមមាន សំណូម​​ពរ​​អោយ​​រៀបចំ​ធ្វើ​ផ្លូវ​អោយមានផ្លូវបេតុងនៅក្នុងមូលដ្ឋានរបស់គាត់ សំណូមពរ​អោយ​អាជ្ញាធរ​​ពិនិត្យ​មើល​ឡើងវិញ​បឹង​ព្រែកទប់​ដែល​ជា​បឹងធម្មជាតិតាំងពីសម័យ​បុរាណ​ ដែលបឹងនេះ​រក្សា​ស្តុកទឹក​ដើម្បីបំរើផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋទាំងមូល​នៅ​ក្នុង​ក្រុងព្រះសីហនុ សុំ​អោយ​រក្សា​​បឹង​នោះអោយដូច​បឹង​ពី​បុរាណ​វិញ កុំ​អោយ​មានការ​ចេញប័ណ្ណទៅអោយបុគ្គលណាម្នាក់​អោយ​សោះ និង សំណូមពរចុងក្រោយសូម​អោយ​អាជ្ញាធរលប់បំបាត់​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​នៅ​ក្នុង​មូលដ្ឋានរបស់ខ្លួន ពិសេសល្បែងដែល​លេច​ធ្លោ​ជាង​គេនោះ គឺល្បែង​ភ្នាល់បាល់ទាន់សម័យ ដែល​មាន​ទីតាំង​នៅឌីឌីម៉ាកទល់មុខ​ស្ថានីយ៍​រថភ្លើង​មួយ​កន្លែង​ និង នៅតាមបណ្តោយផ្លូវ​សេតេ ព្រោះ​ថា​ល្បែង​ពេញ​និយមនេះ ជា​ដើមចមនៃអំពើហិង្សា​ក្នុង​គ្រួសារ ចោរលួច ចោរឆក់ និង ឈាន​ដល់​ប្លន់​សំលាប់​ជីវិត​​មនុស្ស​ថែម​ទៀតផង។ ទាក់ទិននឹងការ​លើក​ឡើង​ខាងលើនេះ ឯកឧត្តម សំ សំ​អាត អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម ជិន សារិន អភិបាល​ក្រុង​ព្រះសីហនុ និងលោកជំទាវ មីន ម៉ាណវី មានការកោតសរសើរដល់បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​សង្កាត់លេខ ៣ ដែល​បាន​លើក​ឡើង​ពីចំណុច​សំខាន់ៗដល់អង្គវេទិការទាំងមូល ហើយ​ឯកឧត្តម លោក​ជំទាវ​នឹង​ខិតខំ​រិះរក​មធ្យោបាយជួយដល់បងប្អូនអោយបានជាបណ្តើរៗ តាមដំណាក់កាល។ ចំពោះ​បញ្ហា​ល្បែង​ស៊ីសង​វិញ ឯកឧត្តម ជិន សារិន ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ​ដែល​មាន​ភាព​ក្លាហាន​ក្នុងការបញ្ចេញមតិជុំវិញបញ្ហាល្បែងស៊ីសង​ខាងលើ នេះផងដែរ ហើយ​ឯកឧត្តម សូម​អោយ​​បងប្អូនចូលរួមលុបបំបាត់​ភាពអសកម្មទាំងនេះ ដើម្បីរក្សាបាននូវសន្តិសុខ​ក្នុងមូលដ្ឋាន​​របស់​​យើង ។




0 comments:

Post a Comment