Sunday, August 24, 2014

កំពង់ស្ពឺ ៖ ប្រជាកសិករ ​ចំនួន​៤៣៩​គ្រួសារ​ក្នុង​ឃុំ​ភក្តី ​និង​ឃុំ​និទាន ​ស្រុក​បរសេដ្ឋ ​ខេត្ត​កំពង់ស្ពឺ​ទទួល​​បាន​​គ្រាប់​​ពូជ​ស្រូវ​២​ប្រភេទ​សម្រាប់​យក​ទៅ​សាប​ ព្រួស​ដើម្បី​ធ្វើ​ការ​ដក​ស្ទូង ​ពី​អាជ្ញាធរ​ខេត្ត​កំ​ពង់​ស្ពឺ​​។ ​មិន​​តែ​​ប៉ុណ្ណោះ​​អាជ្ញាធរ​​បាន​​ចុះ​​បូម​ទឹក​​ពី​​ប្រឡាយ​​រលាំង​​ជ្រៃ​​ទាំង​២​ នៅ​ស្រុក​សំរោង​ទង​​ និង​នៅ​ទំនប់​តា​ស៊ុយ​ ស្រុក​បរ​សេដ្ឋ​ ដាក់​​តាម​​ប្រឡាយ​​រង​​សម្រាប់​ដាក់​​ឲ្យ​​កសិករ​​ធ្វើ​​ការ​​ដក​​ស្ទូង​​តាម​​លទ្ធ​ភាព​​ជាក់​​ស្តែង​​​។​​ ​ឯកឧត្ត ​អ៊ូ ​សំ​អួន ​អភិបាល​​ខេត្ត​​កំពង់​ស្ពឺ​​បាន​​ថ្លែង​​ទៅ​​កាន់​​ប្រជា​កសិករ​​ ក្នុង​ស្រុក​សំរោ​ង​ទង​ និង​ស្រុក​​បរសេដ្ឋ​​ កាល​​ពី​​ព្រឹក​​ថ្ងៃ​ទី​​២២​ ​ខែ​​សី​ហា​ ​ឆ្នាំ​​២០១៤​ ​ ថា​៖​​ ទោះ​​បី​​ជា​​ឆ្នាំ​នេះ​​ទូ​ទាំង​ខេត្ត​ជួប​ប្រទះ​រាំងស្ងួត​អស់​រយៈពេល​ជាច្រើនខែ។ ក៏ប៉ុន្តែ​យើង​មិន​ត្រូវ​អស់សង្ឃឹម​ទេ គឺ​ត្រូវ​​តែ​ខិតខំ​បង្ក​បង្កើត​ផល​ ឲ្យអស់​លទ្ធភាព​។ ឯកឧត្តម​បាន​បន្ត​ថា៖ ​ក្រៅពី​ការងារ​បង្ក​បង្កើន​ផល​ស្រូវ​​​​រដូវវស្សា​យើង​អាច​ធ្វើ​ការ​ដាំដុះ​ ដំណាំ​រួមផ្សំ​ផ្សេងៗ និង​ចិញ្ចឹមសត្វ​​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រ​ចាំ​ថ្ងៃ​​​។​ ​ឯក​​ឧត្តម​ បន្ត​ថា៖​ ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​​ចុះ​​ជាប់​​ជាមួយ​​ប្រជា​ពល​រដ្ឋ​​គ្រប់​​ពេល​​វេលា​​ដើម្បី​​ធ្វើការ​​តាម​ដាន​ ​និងឆ្លើយតប​តម្រូវការ​ចាំបាច់​របស់​ពួកគាត់​​។​ ពូជ​ស្រូវ​ដែល​បាន​ចែក​ជួន​នា​ពេល​​នេះ​មាន​២​​ប្រភេទ​​​គឺ​ ពូជ​ស្រូវ​​ជល​សារ​ ​និង​​ AR​ ដែល​​ជា​​ពូជ​ស្រូវ​​រយៈ​ពេល​​ខ្លី​​ត្រឹម​តែ​ជាង​៩០​ថ្ងៃ​អាច​​ទទួល​​បាន​​ផល​។​
​សូម​​រំលឹក​​ថា​ ក្នុង​​រដូវ​វស្សា​ឆ្នាំ​នេះ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​ជួប​ប្រទះ​ភាព​រាំងស្ងួត ​តាំង​ពី​ដើម​រដូវ​រហូត​មក​​ដល់​ពេល​នេះទើប​ ​មេឃបង្អោទឹកភ្លៀង​តាម​តំបន់​មួយ​ចំនួន ​ប៉ុន្តែ​វា​មិន​ទាន់​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​​​ធ្វើ​សាប ​ព្រួស ​ដក​ស្ទូង នៅឡើយ​ទេ​។ ​ដោយ​សារ​តែ​គ្រោះ​រាំងស្ងួត​បែប​នេះ​បាន​ធ្វើ​ឲ្យ​សំណាប​​​បាន​ងាប់ ​និង​ខ្លះទៀត​មិនបាន​សាប​នៅ​ឡើយ។ ​ស្រប​ពេលនេះ ស្ថិតចុង​រដូវវស្សា ​ហើយ​លទ្ធ​ភាព​​ការងារ​បង្ក​បង្កើន​ផល​ស្រូវវស្សា​ស្ទើរតែ​ហួស​ពេល ​ដូច្នេះ​ប្រជាកសិករ​គួរតែ​ជ្រើសរើស​ពូជ​​​​ស្រូវ​​ដែល​មាន​រយៈពេល​ខ្លី ​និង​មិន​ប្រកាន់​រដូវ​សម្រាប់​ ដក ស្ទូង​​ជំនួស​ស្រូវវស្សា។ ឯក​ឧត្តម​ផ្តាំ​ផ្ញើ​ដល់​ប្រជាកសិករ ​ជា​ពិសេស​ត្រូវ​បង្កើន​ការ​ដាំដុះ​ដំណាំ​ផ្គួប​ផ្សំ​ផ្សេងៗ ​និង​ចិញ្ចឹមសត្វ​បន្ថែមទុក​គ្រាន់​​ដោះស្រាយ​ជីវភាព​។​
​បញ្ជាក់ ​ថា​ ប្រជាកសិករ​ដែល​បាន​មក​ទទួល​ពូជ​ស្រូវ​ពី​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​មាន​ ចំនួន​៤៣៩​គ្រួសារ​​មក​ពី​ឃុំ​ភក្តី ​និង​ឃុំ​និទាន ​ស្រុក​បរសេដ្ឋ ​ក្នុង​​មួយ​គ្រួសារៗ​ទទួល​បាន​ចំនួន​១០​គីឡូ​ក្រាម​ ក្រៅ​​ពី​​ស្រុក​បរសេដ្ឋ និងតាម​ស្រុក​ផ្សេងៗ​ទៀត​ក៏​ទទួល​បាន​គ្រាប់ពូជ ស្រូវអាអ៊ែ និង​បាន​សាប​ថ្នាល​រួម​ បានចំនួន​៤ហិកតា នៅឃុំវល្លិ៍ស ស្រុកសំរោងទងផងដែរ។​ ហើយ​ដី​បង្ករ​បង្កើនផលទូទាំង​ខេត្ត​មាន​ចំនួន១១៣ ៦០០ហិកតា សាប​ព្រោះបុកដាំទើបបានតែ២៥ ៥០០ហិកតា​ប៉ុណ្ណោះ៕




0 comments:

Post a Comment