ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី មកពីសហគមន៍ ចំនួន ៩ដែលមានគ្នាប្រមាណជាង ១០០ នាក់ នៅទូទាំងខេត្តព្រះសីហនុ បានមកជួបជុំគ្នា ធ្វើការតវ៉ា នៅមុខសាលាខេត្ត ក្នុងគោលបំណង ធ្វើការតវ៉ាសាជាថ្មីម្តងទៀត ។ ការតវ៉ានេះ បានធ្វើឡើង នៅមុខសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៤ នេះ ។ ស្ត្រីតំណាងសហគមន៍ដីធី្លម្នាក់ ឈ្មោះ តែ រ៉ាវី បានលើកឡើងថា ពួកគាត់ មានគ្នាច្រើនរយនាក់ ដែលរងគ្រោះ ដោយសារការបាត់បង់ដីធ្លី ក្នុងនោះមាន សហគមន៍វាលចន្ទី សហគមន៍ស្ពានឆេះ សហគមន៍អន្លង់ត្រី សហគមន៍កោះខ្យង សហគមន៍ឃ្លាំងលើ សហគមន៍ព្រែកត្រែង សហគមន៍អូរដំរី សហគមន៍បិតត្រាំង និងសហគមន៍អូរកម្ពុជា។ តំណាងសហគមន៍ទាំងនោះបានអះអាងថា ពួកគាត់បានបាត់បង់ដីស្រែ ដីចម្ការ និងដីលំនៅដ្ឋាន កន្លងមក ជាយូរឆ្នាំមកហើយ ហើយពួកគាត់ តែងបានដាក់ពាក្យបណ្តឹង រហូតមកដល់ពេលនេះ នៅមិនទាន់មាន ការដោះស្រាយអ្វីទាំងអស់ ទើបពេលនេះ ពួកគាត់នាំគ្នា មកសុំឲ្យ អភិបាលខេត្តថ្មី ជួយដោះស្រាយ។
ថ្លែងក្នុងឪកាលនោះផងដែរ លោក នួន ប៊ុនថុល នាយកទីចាត់ការអន្តរ វិស័យនិងជា អ្នកតំណាង សាលាខេត្តព្រះសីហនុបានឲ្យដឹងថាក្នុងការដោះស្រាយរឿងនេះគឺត្រូវពិនិត្យមើលទៅលើឯកសារ
ឡើងវិញថា ប្រសិនបើឯកសារនោះពាក់ព័ន្ធនឹងរដ្ឋអំណាចមូលដ្ឋានលោកនឹងទទួលយកមកធ្វើការ
សម្របសម្រួលគិតគូរដោះស្រាយផ្ទុយទៅវិញប្រសិនបើឯកសារធ្លាប់មានជាប់ពាក់ព័ន្ធជាមួយតុលាការ គឺទុកឲ្យពួកគាត់ឡើងទៅដោះស្រាយជាមួយ តុលាការទៅព្រោះវាផុតពីរឿងរបស់សាលាខេត្តហើយ។ តែទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋទាំងនោះ បានអំពាវនាវដល់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយដោះស្រាយផងដែរ៕
0 comments:
Post a Comment