ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ រាល់ផលប៉ះ ពាល់អវិជ្ជមាន គ្រប់បែបយ៉ាងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ មន្ទីរទេសចរណ៏ ខេត្តព្រះសីហនុ បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីទេសចរណ៏ និង អនុក្រឹត្យស្តីពីការគ្រប់គ្រង មណ្ឌលកំសាន្តទេសចរណ៏មនុស្សពេញវ័យ ដល់ម្ចាស់ ឬ អ្នក គ្រប់គ្រង អាជីវកម្ម សេវាកម្ម ទេសច រណ៏ នៅមន្ទីរទេសចរណ៏ខេត្តព្រះសីហនុ នារសៀលថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៤ ក្រោមអធិបតីភាពឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ។ មានប្រសាសន៏ក្នុងឱកាសផ្សព្វផ្សាយ ឯកឧត្តម ឈិន សេងងួន បានគូសបញ្ចាក់ថា វិស័យទេសចរណ៏មានលក្ខណៈជាប្រព័ន្ឋ គឺជាវិស័យអាទិភាពមួយ ត្រូវបានកំណត់នៅក្នុងយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។ វិស័យនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចសង្គម ផ្តល់ឱកាសការងារ រកប្រាក់ចំណូល លើកកំពស់ជីវភាពរស់នៅ និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលបានទទួលស្គាល់ថា ជាមាសបៃតង ។ ដោយខេត្តព្រះសីហនុ មានសក្តានុពលទេសចរណ៏បែបធម្មជាតិដ៏កម្រ និង ជាប៉ូលសេដ្ឋកិច្ចពាណិជ្ជកម្ម ឧស្សាហកម្ម និង ទេសចរណ៏ ដែលបានប្រសិទ្ឋិនាមថា ឆ្នេរសមុទ្រកម្ពុជា ជាតារារៈនាទិសនារតី ដែលមានឆ្នេរខ្សាច់សស្អាត ខ្យល់អាកាសបរិសុទ្ឋ រមណីយដ្ឋានធម្មជាតិជីវៈចម្រុះ ជាច្រើនសំរាប់ទាក់ទាញទេសចរមកកម្សាន្ត ។ លើសពីនេះទៅទៀតប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋ គមនាគមន៏ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែអន្តរជាតិ និង គម្រោងវិនិយោគផ្នែកវិស័យទេសចរណ៏ជាច្រើន ក៏ជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង ទេសចរណ៏អោយនិរន្តរភាពផងដែរ ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៣ មានភ្ញៀវទេសចរណ៏កម្សាន្តនៅខេត្តព្រះសីហនុ មានចំនួន ១.០៣៣.៩២៩នាក់ កើន ១៨.៧៧% ក្នុងនោះទេសចរណ៏ជាតិចំនួន ៧៣១.៦០៤នាក់ កើន ១១.២១% អន្តរជាតិចំនួន ៣០២.៣២៥នាក់ កើន ៤២.១៧% ដោយឡែកគិតត្រឹម៨ខែ ឆ្នាំ ២០១៤ មានភ្ញៀវ ៨៩១.២៦៤នាក់ កើន ២៤.២៤% បើប្រៀប៨ខែដូចគ្នា ក្នុងឆ្នាំ ២០១៣ ។ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរណ៏ ឯកឧត្តមអភិបាលរងខេត្ត សំណូមពរដល់ស្ថាប័នពាក់ព័ន្ឋ និង ដៃគូអភិវឌ្ឍន៏នានា បន្តចូលរួមក្នុងការផ្សព្វផ្សាយការពារបរិស្ថាន សំអាតឆ្នេរ ការពារសន្តិសុខ សុវត្ថិភាព ទេសចរណ៏ ចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ សំដៅធ្វើអោយខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៏ប្រកបដោយគុណភាព ពិសេសបំផុតរក្សាតម្លៃម្ហូបអាហារ តម្លៃបន្ទប់ស្នាក់នៅ ក្នុងតំលៃសមរម្យ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីផ្តល់នូវជំនឿជឿជាក់ និង ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៏ ដែលបានមកកំសាន្តនៅខេត្តព្រះសីហនុ ៕
Saturday, September 13, 2014
ពិធីផ្សព្វផ្សាយច្បាប់ស្តីពីទេសចរណ៏ និង អនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលកំសាន្តទេសចរណ៏ មនុស្សពេញវ័យ
Posted by Unknown on 1:05 AM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment