ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤សាលាខេត្តកំពង់ស្ពឺ រៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន។ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូ សំអួន អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុកទាំង៨ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងទាំងបី ព្រមទាំងអង្គការសង្គមស៊ីវិលជាច្រើនរូបទៀត។
តាមរបាយការណ៏រដ្ឋបាលខេត្តបានបង្ហាញឲ្យដឹងថា៖ ចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា ឆ្នាំ២០១៤ អាកាសធាតុកាន់តែក្ដៅខ្លាំង ឯភាពអំណោយផលពីទឹកភ្លៀង នៅតែមិនគ្រប់តាមតម្រូវការសម្រាប់ការងារបង្កបង្កើនផលដើមរដូវរបស់ប្រជាកសិករនៅ ឡើយ។ ផ្អែកតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងរបាយការណ៍របស់ក្រុង ស្រុកទាំង៨ បង្ហាញថា លទ្ធផលនៃការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០១៤នេះមានការរអាក់រអួល និងថយចុះយ៉ាងច្រើនបើប្រៀបធៀបនឹងលទ្ធផលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ក្នុងនោះរួមមាន៖
· ផែនការស្រូវវស្សាសរុបចំនួន ១១៣,៦០០ហិកតា យើងសម្រេចបាន៖
-ភ្ជួររាស់សរុប ៥២,៥២៦ហិកតា ទាបជាងឆ្នាំ២០១៣ចំនួន ១៥៧,៨៨៦ហិកតា
-សាបសរុប ៨,៤១៨ហិកតា ទាបជាងឆ្នាំ២០១៣ចំនួន ៦,៧៦៩ហិកតា
-ស្ទូង ព្រោះ ដាំសរុប១៧,៧៨៩ហិកតា ស្មើនឹង១៥,៦៦% នៃផែនការ ទាបជាងឆ្នាំ២០១៣ចំនួន ៥២,៣៣៤ហិកតា
-ដំណាំរួមផ្សំ ៤,២៩៣ហិកតាទាបជាងឆ្នាំ២០១៣ចំនួន ៦,៤៣២ហិកតា
ដោយសារតែភាពរាំងស្ងួតបានអូសបន្លាយចាប់ពីខែមិថុនា រហូតមកដល់បច្ចុប្បន្ននេះ ទើបបណ្ដាលឲ្យរងផលប៉ះពាល់ដល់ការងារបង្កបង្កើនផលក្នុងទូទាំងខេត្តសរុបចំនួន ១១១៨៣,៧ហិកតា ស្មើនឹង ៧៧/៨៧ឃុំ សង្កាត់ និង១០៨៦/១៣៤២ភូមិ ក្នុងនោះរួមមាន៖
-សំណាបសរុប ៥៨៧៨,៨ហិកតា ក្នុងនោះងាប់ហួសចំនួន ១៥៧៣ហិកតា
-សន្ទូងសរុប ៥០០៥,៩ហិកតា ក្នុងនោះងាប់ហួសចំនួន ៥០៧ហិកតា
-ដំណាំរួមផ្សំ ២៩៩ហិកតា ក្នុងនោះងាប់ហួសចំនួន ៦២ហិកតា
ឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៏ថា៖ ដោយមានកិច្ចសហការល្អរវាងរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត, មន្ទីរកសិកម្មខេត្ត, អាជ្ញាធរមូលដ្ឋាន សប្បុរសជន និងមានការចូលរួមពីប្រជាពលរដ្ឋ យើងបូមសង្រ្គោះបានលើផ្ទៃ ១,០៩៩ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនសរុបចំនួន ១៩គ្រឿង ក្នុងនោះម៉ាស៊ីនរបស់ ឯកឧត្ដម សាយ ឈុំ ចំនួន ៦គ្រឿង, ម៉ាស៊ីនរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តចំនួន ៩គ្រឿង ម៉ាស៊ីនរបស់សាលាស្រុកសំរោងទងចំនួន ៤គ្រឿង ក្រៅពីនោះជាម៉ាស៊ីនរបស់ប្រជាពលរដ្ឋ ដោយចំណាយប្រេងម៉ាស៊ូតសរុប ៩,៩១០លីត្រ ប្រេងសាំង៨៨០លីត្រ ប្រេងរំអិល ១៤០លីត្រ និងផ្ដល់ពូជស្រូវជូនប្រជាពលរដ្ឋធ្វើការសាប ព្រោះឡើងវិញចំនួន ១៤តោន ៥០០គីឡូក្រាម ស្មើនឹង ១៤៥០គ្រួសារ ។ ជាមួយនោះដោយមានការសហការរវាងមន្ទីរកសិកម្មខេត្ត និងនាយកដ្ឋានគ្រឿងយន្តកសិកម្ម បានចុះជួយភ្ជួរអន្តរាគមន៍ដោយត្រាក់ទ័រជូនប្រជាពលរដ្ឋបានចំនួន៥៧ហិកតា អស់ប្រេងម៉ាស៊ូត ១៣២០លីត្រ នៅស្រុកបរសេដ្ឋ និងក្រុងច្បារមន ។
-ជួយកាយប្រឡាយ ១ខ្សែ ប្រវែង ៥១០ម៉ែត្រ នៅស្រុកគងពិសី ចំណាយថវិកា ៧០០$
-ជួយកាយប្រឡាយ ១ខ្សែ ប្រវែង ១,២០០ម៉ែត្រ នៅក្រុងច្បារមន ចំណាយថវិកា ១,៣០០$
-ជួយឧបត្ថម្ភស៊ីម៉ង់ត៍ ២តោន និងប្រេងម៉ាស៊ូតចំនួន ៤០០លីត្រ
ឯកឧត្តមបានបន្តទៀតថា៖ ការងារបង្កបង្កើនផលឆ្នាំ២០១៤នេះមានភាពរអាក់រអួលយឺតយ៉ាវ និងមានការថយចុះយ៉ាងច្រើនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៣ ដោយសារគ្រោះរាំងស្ងួតបានអូសបន្លាយ ។ ប្រសិនបើក្នុងខែសីហានេះ មិនមានភ្លៀងធ្លាក់គ្រប់គ្រាន់អាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សំណាប និងសន្ទូងរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើចាប់ពីពាក់កណ្ដាលខែសីហានេះ និងដើមខែកញ្ញានេះមានភ្លៀងធ្លាក់គ្រប់គ្រាន់នោះទើបការងារបង្កបង្កើនផលរបស់ប្រជាកសិករអាចនឹងសម្រេចតាមផែនការ ។
ឯកឧត្តមក៏បានដាក់វិធានការចំពោះមុខដល់មន្ទីរអង្គភាពពាក់ព័ន្ធ៖
បន្តពង្រឹងការងារបូមសង្រ្គោះបន្ទាន់នៅតាមមុខសញ្ញាដែលកំពុងជួបគ្រោះរាំងស្ងួតនៅកន្លែងដែល
មានប្រភពទឹក ។
-បន្តស្វែងរកជំនួយដើម្បីបូមសង្រ្គោះ នៅតំបន់ដែលមានប្រភពទឹក
-ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាកសិករឲ្យធ្វើស្រូវពង្រោះ ជំនួសការសាប ដក ស្ទូង ហើយ
បង្រៀនពីបច្ចេកទេស និងការថែទាំដើម្បីទទួលបានទិន្នផលខ្ពស់ ។
-ស្រង់ស្ថិតិប្រជាពលរដ្ឋដែលជួបការលំបាក ខ្វះខាតស្បៀង
-បន្តចុះពិនិត្យ និងដោះស្រាយស្រូវពូជ (មិនប្រកាន់រដូវ) ពូជបន្លែ និងបង្កបង្កើនផលនាចុងរដូវ។
-រៀបចំថ្នាលសំណាបរួមតាមគោលដៅដែលមានប្រភពទឹក
-ត្រៀមលក្ខណៈល្អដល់ការត្រៀមបង្ការ និងឆ្លើយតបគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់នាចុងរដូវ៕
0 comments:
Post a Comment