Saturday, September 6, 2014


ខេត្តព្រះសីហនុ : ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​៤​ឃុំ​ នៃ​ស្រុក​ព្រៃនប់​ខេត្តព្រះសីហនុ​តាំង​ពី​ទសវត្ស​៨០​ មិន​​បាន​​​ដឹងថា​ជន​ខិល​ខូច​ឃុប​ឃិត​គ្នា​ពី​លើ​ លួច​ធ្វើ​អាជ្ញា​ប័ណ្ណ​លើ​ដី​ដែល​ពួកគាត់​កំពុង​តែ​រស់​នៅ​ ឱ្យ​​ទៅ​​ក្រុម​​ហ៊ុន​​៥​ ដែល​មាន​ផ្ទៃ​ដី​ទំហំ​៣,៦៣៨​ហិកតា​ តែ​មិន​មាន​ការ​អភិវឌ្ឍន៍​អ្វី​សោះ​ ត្រូវ​បាន​អនុគណៈ​កម្មការ​​ខេត្ត​ព្រះសីហនុ​ ដឹក​នាំ​ដោយ​ឯកឧត្តម​ឈិត សុខុន​ អភិបាល​ខេត្តព្រះសីហនុ​ បាន​ចុះ​​ពិនិត្យ​​មើល​ថា​តើ​មាន​ការ​អភិវឌ្ឍន៍​អ្វី​ដែរ​ឬ​អត់​ ដើម្បី​រាយការណ៍​ជូន​គណៈកម្មការ​ថ្នាក់​ជាតិ​ ធ្វើ​ការ​សម្រេច​ កាល​​ពី​ព្រឹក​ថ្ងៃទី​៤ កញ្ញា ២០១៤។ ក្រុម​​​ហ៊ុន​ដែល​លួច​​ធ្វើ​អាជ្ញាប័ណ្ណ​​លើ​ដី​​ឧទ្យាន​​ជាតិ​​ចំនួន​៣,៦៣៨​ហិក​​តា ចំហរ​​ចោល​​​នោះ​​​មាន៖ ១/ក្រុមហ៊ុន វិមានសិលា អិលធីឌី មានផ្ទៃដីទំហំ ៩៨៧​ហិក​តា​។ ២/ ក្រុម​ហ៊ុន ស៊ាន ហេង អ៊ិនវេស​មេន ផ្ទៃដី ៣៥០ហិកតា ។ ៣/ក្រុមហ៊ុន ហេង ប៊ុនណាត មាន​ផ្ទៃ​ដី​ទំហំ ៩៦៣ហិកតា ។ ៤/ក្រុមហ៊ុន ស៊ាន ហេង អ៊ិនវេសមេន (២កន្លែង) មានផ្ទៃដីទំហំ ៩៨៨​ហិក​តា​​។ និង ទី៥/​ ក្រុមហ៊ុន BLUE METRO Co.,LTD មាន​ផ្ទៃ​ដី​ទំហំ​៣៥០​ហិក​តា​​​ ។ ឯកឧត្តម ឈិត សុខុន អភិបាល​​​​ខេត្ត​មាន​ប្រសាសន៍​ថា​ បើ​ដី​ដែល​ស្ថិត​នៅ​ក្នុង​​ទំហំទាំងនេះ​មាន​ប្រជាពលរដ្ឋរស់នៅ និង​​​​អាស្រ័យ​ផល​នោះ សូមមេឃុំរាយការណ៍ជូនអនុ​គណៈកម្មការ​ដើម្បី​ថ្ងៃ​ក្រោយ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់ និង ដី​​ដែល​គ្មានការអភិវឌ្ឍន៍អ្វីសោះនោះអនុគណៈកម្មការ​នឹង​ធ្វើ​របាយការណ៍​ជូន​​​​គណៈ​កម្មការ​​​​​​​ថ្នាក់ជាតិ ដើម្បី​ធ្វើការសម្រេច។
លោក សៀង សាវិន មេឃុំ អូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន​ឱ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ដែល​​​រស់នៅក្នុងភូមិ អូរឧកញ្ញាហេង ឃុំអូរឧកញ្ញាហេង របស់គាត់នោះ គឺតាំង​ពីទសវត្ស​ឆ្នាំ​១៩៧៩​មក​ម្លេះ ហើយមកដល់បច្ចុប្បន្ននេះ មានចំនួន៣៧៦ គ្រួសារដែលមាន​ទីលំនៅពិតប្រាកដ។ លោក​ស្រី​ ឆេង ឌឿន អាយុ ៣០ឆ្នាំ និយាយថាគាត់បានរស់នៅក្នុងភមិឃុំខាងលើ តាំងពីឆ្នាំ ១៩៩៣ មិន​ទាន់​​មាន​ប័ណ្ណកម្មសិទ្ធិនៅឡើយនោះទេ មានតែលិខិតបញ្ជាក់កាន់កាប់ដីពីឃុំប៉ុណ្ណោះ ។ ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យដីក្រុមហ៊ុនទុកចោលមិនមានការអភិវឌ្ឍន៍ទាំង៥ក្រុមហ៊ុននោះ មានការ​បែងចែក​ជា​បីក្រុម ដោយ​អភិបាលខេត្តព្រះសីហនុពុំទាន់អាចបញ្ជាក់ពីលទ្ធផលសរុប ដែលពាក់ព័ន្ធ​នឹង​បញ្ហា​នោះ​យ៉ាង​ណា​ឡើយ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ទីតាំង​ដី​៥ក្រុមហ៊ុន​ខាង​លើនេះ ស្ថិតក្នុងឃុំបឹងតាព្រហ្ម ឃុំ​អូរ​ជ្រៅ​​ឃុំ​អូរ​ឧកញ៉ា​ហេង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕





0 comments:

Post a Comment