កំពង់ឆ្នាំង៖កូនត្រីរ៉ស់រាប់ម៉ឺនក្បាល ដឹកតាមរថយន្តទូរីស១គ្រឿងពី ខេត្តតាកែវឆ្ពោះទៅកាន់ខេត្តពោធិ សាត់ត្រូវសមត្ថកិច្ចខណ្ឌ័រដ្ឋបាល ជលផលកំពង់ឆ្នាំងសហការជាមួយ នាការិយាល័យ ទី២យោធភូមិភាគ ពិសេសប្រចាំទិសកំពង់ឆ្នាំង ស្ទាក់ ចាប់បានកណ្តាលយប់។ករណី បង្ក្រាបបទល្មើសនេសាទនេះបានធ្វើឡើងនៅម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៤នៅលើផ្លូវជាតិលេខ៥ ចំណុចទួលក្រាំងក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ លោក ប្រាក់ លាងហួរ នាយករងខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងនិងលោក ជុំ ណារិន នា ការិយាល័យទី២យោធភូមិភាគពិសេសប្រចាំទិសកំពង់ឆ្នាំងជាអ្នកដឹកនាំកម្លាំងបង្ក្រាករណីខាងលើនេះបានអោយដឹងថា៖ក្រោយពីទទួលបានព័ត៌មានពីបណ្តាញរបស់ខ្លួនសមត្ថកិច្ចទាំង២បានសហការគ្នាដាក់កម្លាំងស្ទាក់ចាប់បានរថយន្តទូរីស១គ្រឿងម៉ាកសាំយ៉ុងពណ៍សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2W-8006ដឹកកូនត្រីរ៉ស់រាប់លាន ក្បាល។ ក្នុងពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនបុរស៣នាក់គឺ៖ ១ឈ្មោះ យ៉ន ហ៊ុន អាយុ២៨ឆ្នាំរស់នៅភូមិព្រៃចំពក ឃុំព្រៃចំពក ស្រុកគីរីវង្ស ខេត្តតាកែវ និងព្រូរថយន្ត២នាក់ទៀត។ នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា៖ ពួកគេបានស៊ីឈ្នួលគេដឹកកូនត្រីរ៉ស់នេះចេញពីភ្នំដិនខេត្តតាកែវឆ្ពោះទៅកាន់ខេត្តពោធិសាត់ដើម្បីយកទៅលក់អោយគេចិញ្ចឹមនៅទីនោះ។ប៉ុន្តែពួកគេមិនទាន់បានប្រាប់ថាអ្នកណាជាម្ចាស់កូនត្រីនេះនៅឡើយទេដែលសមត្ថកិច្ចសង្ស័យថា កូនត្រីទាំងអស់នេះជា របស់ពួកគេ តែម្តង។
កូនត្រីទាំងអស់នោះត្រូវបានគេដឹកដាក់ក្នុងអាងស្បោងផ្លាស្ទិចបួនជ្រុង២អាងនៅក្នុងរថយន្ត ដែលអាងទី១មានទំហំប្រមាណ១ម៉ែត្រគុណនិង១,៥០ម៉ែត្រនិងជម្រៅ០,៥០ម៉ែត្រចំណែកអាងទី២មានទំហំប្រមាណ១,៥០ម៉ែត្របួនជ្រុងមានជម្រៅដូចគ្នាកូនត្រីរ៉ស់ទំហំប៉ុនៗចុងចង្កឹសទាំងអស់នេះមានចំនួនរាប់ម៉ឺនក្បាល។ នៅព្រឹកថ្ងៃទី២៥ ខែសីហានេះលោក សេង ប៊ុនឈឿន នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានថ្លែងអោយដឹងថា៖កូនត្រីឆ្តោរទាំងអស់មានចំនួនប្រមាណ១០ម៉ឺនក្បាលត្រូវបានយកទៅព្រលែងចូលក្នុងបឹងធម្មជាតិវិញក្នុងបឹងតំបន់ព្រៃលិចទឹកធម្មជាតិនិងជាជំរកត្រីពងកូន ស្ថិតនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ដោយក្រោយពីការព្រលែងកូនត្រីហើយលោកបានដាក់កំលាំងរបស់លោកអោយនៅយាមកន្លែងព្រលែងរហូតដល់កូនត្រីទាំងនោះហែលទៅឆ្ងាយពីមាត់បឹងអស់។ ដោយឡែកជនសង្ស័យទាំង៣នាក់និងមធ្យោបាយដឹកជញ្ជូនកូនត្រីឆ្តោរត្រូវបានសមត្ថកិច្ចរកសាងសំណុំរឿងទៅតាមនីតិវិធីនិងបញ្ជូនខ្លួនទៅតុលាការឬត្រូវពិន័យជាប្រាក់តាមច្បាប់ជលផល។ គួរបញ្ជាក់ថា៖ នៅក្នុងឆ្នាំ២០១៤នេះជាលើកទី១ហើយដែលសមត្ថកិច្ចខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបង្ក្រាបបានបទល្មើសដឹកជញ្ជូនកូនត្រីខុសច្បាប់ ដែលបទល្មើសដូចនេះពិបាកនឹងដឹងដើម្បីធ្វើការបង្រ្កាបណាស់៕
0 comments:
Post a Comment